សម្ដេចតេជោ៖ ប្រធានសភាអាណត្តិទី៧ បានទៅលើលោកជំទាវ ឃួន សុដារី

94
0 983

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនមិនមានទម្លាប់ឈ្លោះគ្នាដើម្បីអំណាចនោះទេ ខណៈប្រធានសភាក្នុងអាណត្តិទី៧ បានទៅលើលោកជំទាវ ឃួន សុដារី។

ក្នុងសារសំឡេងពិសេសនាយប់ថ្ងៃពុធ ទី៩ ខែសីហានេះ សម្ដេចតេជោបានឆ្លើយតបទៅនឹងព័ត៌មានដែលវិទ្យុអាស៊ីសេរីបានចុះផ្សាយថា គណបក្សនៅមិនទាន់មានភាពច្បាស់លាស់ក្នុងការជ្រើសតាំងប្រធានរដ្ឋសភាថ្មី និងហាក់បីដូចជាកំពុងមានបញ្ហាផ្ទៃក្នុងថា ជាព័ត៌មានដែលព្យាយាមញុះញង់បំបែកបំបាក់គណបក្សប្រជាជន ប៉ុន្តែគ្មានឥទ្ធិពលនោះទេ ដោយសារគណបក្សបានរៀបចំរួចរាល់ហើយអំពីសមាសភាពប្រធានសភា និងសមាសភាពមន្ត្រីជាន់ខ្ពស់នានាផ្សេងទៀត។

94 free

សម្ដេចតេជោបានលើកឡើងថា៖ «ពួកនេះនៅតែឆ្លៀតពេលវាយប្រហារគណបក្សប្រជាជនកម្ពុជាបើទោះបីជាការវាយប្រហារនេះគ្មានប្រយោជន៍ក៏ដោយ។ វាគ្មានអីចាំបាច់ដើម្បីធ្វើការបញ្ជាក់នោះទេថ្ងៃស្អែកសូមរង់ចាំមើលការជួបជុំរបស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ ដែលទើបតែបញ្ចប់ និងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលឈានចូលកាន់តំណែងនៅពេលខាងមុខ»។

សម្ដេចតេជោបានបញ្ជាក់ថាមុខតំណែងក្នុងសភានាពេលខាងមុខគឺប្រធានរដ្ឋសភាបានទៅលើលោកជំទាវ ឃួន សុដារី ឯកឧត្តម ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត ជាអនុប្រធានទី២។

គួរដឹងផងដែរថា នៅថ្ងៃស្អែកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជានឹងមានជំនួបជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ ដែលទើបតែបញ្ចប់ និងរាជរដ្ឋាភិបាលអាណត្តិទី៧ ផងដែរ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...