ប្រធាន គ.ជ.ប ៖ ភាពជោគជ័យ ក្នុងដំណើរការបោះឆ្នោត នីតិកាលទី៧ ជាសមិទ្ធផលថ្មីមួយទៀត នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

94
0 985

ភ្នំពេញ ៖ឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ភាពជោគជ័យ នៃដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺជាសមិទ្ធផលថ្មីមួយទៀត នៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោត នៅកម្ពុជា។

ឯកឧត្តមគូសបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានមតិជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយត្រូវបានរៀបចំកាន់តែល្អប្រសើរឡើង ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ។

ការថ្លែងបែបនេះ របស់ឯកឧត្តម ប្រាជ្ញ ចន្ទ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

94 free

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និងមានការចូលរួមពីសំណាក់សមាជិក គ.ជ.ប ភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូបទៀត។

ឯកឧត្តម ប្រាជ្ញា ចន្ទ បានបញ្ជាក់ថា ជាទូទៅនៅក្រោយការបោះឆ្នោតគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។ បន្ថែមលើសពីនេះ ប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោត និងជាពិសេសពីបរិយាកាសល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា «ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព»។ «ការបោះឆ្នោតសកលឆ្នាំ២០២៣ បានប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌” និង “ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយការបញ្ជូនលទ្ធផលពីការិយាល័យបោះឆ្នោត មកគណៈកម្មការរៀបចំការបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិក បញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំង គួរឱ្យទុកចិត្តបាន»…។ល។

ឯកឧត្តមបន្ថែមថា ជោគជ័យដ៏ត្រចះត្រចង់ដែលសម្រេចបាននេះ គឺអាស្រ័យដោយមានការចូលរួម ចំណែកដ៏ថ្លៃថ្លាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីគ្រប់កម្រិត ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ និងគ្មានការភ័យខ្លាច៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...