តុលាការសម្រេចហើយ យុវជន៥នាក់ករណីប្រើអំពើហិ.ង្សាក្នុងបុរី ព្រោះតែរឿងមើលមុខ
រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ បានសម្រេចឃុំខ្លួនយុវជន៥នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការ
ចោទប្រកាន់ពីបទហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស គឺព្រួតគ្នាវា.យជនរងគ្រោះបណ្តាលឲ្យរងរបួស គ្រាន់តែរឿងមើលមុខឌឺដងដាក់គ្នា ។
យុវជនទាំង៥នាក់នេះ រួមមាន ៖១- ឈ្មោះ សាន្ត សុវិសាល ហៅ ដុងហេ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅផ្ទះលេខ៤ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ២- ឈ្មោះ សុខ ដាលីង ហៅ ក្តី ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ៣- ឈ្មោះ ធន់ ជីវ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ៤- ឈ្មោះ រិន្ទ សៅរ៍សីហា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ៥- ឈ្មោះ តំ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ នៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។
ទាក់ទិននឹងការឃុំខ្លួនយុវជនទាំង៥នាក់នេះ ត្រូវបានលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ វេលាម៉ោងប្រមាណ៧និង៣០នាទីយប់ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់នេះ នៅចំណុចបុរីពិភពថ្មីផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស គឺព្រួតគ្នាវា.យជនរងគ្រោះ បណ្តាលឲ្យរងរបួសនៅក្នុងបុរីចំនួន២ករណី ។
ករណីទី១– ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស គឺព្រួតគ្នាវា.យជនរងគ្រោះដោយយកជើងធាក់ចំផ្ទៃមុខ និងយកមួកសុវត្ថិភាពវា.យម៉ូតូ និងដកយកកូនសោម៉ូតូរបស់ជនរងគ្រោះ ដែលប្រព្រឹត្តនៅមុខរោងកុន ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ៦ល្ងាច បណ្តាលឲ្យជនរងគ្រោះឈ្មោះ ទេព សុភាព ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជាមន្ត្រីនគរបាលរងរបួសស្រាល ។
សមត្ថកិច្ចឲ្យដឹងទៀតថា ករណីបង្កឲ្យកើតមានអំពើហិ.ង្សានោះ ដំបូងផ្តើមចេញពីភាគីខាងជនរងគ្រោះមានទំនាស់ជាមួយម្ចាស់ហាងកាហ្វេមួយ ស្ថិតនៅក្នុងបុរីផ្សារត្រពាំងថ្លឹងនោះ ។ បន្ទាប់មក ភាគីជនរងគ្រោះបានយកដុំថ្មគប់ទៅលើហាងលក់កាហ្វេ ក៏ធ្វើឲ្យក្រុមយុវជនទាំង៥នាក់ ដែលមានមនោសញ្ចេតនាទោរទន់ជាមួយម្ចាស់ហាង បង្កើតគំនុំគុំកួនជាមួយជនរងគ្រោះ ហើយប្រមូលផ្តុំគ្នាដោយមានកាំបិ.តបុ័ងតោ និងដាវ ត្រៀមរួចជាស្រេច ។ លុះដល់ពេលឃើញមុខភាគីម្ខាង គ្រាន់តែសម្លឹង និងឌឺដង ក៏កា.ប់ប្រាវអត់និយាយច្រើនទេ ហើយទីបំផុតខ្លាំងប៉ះខ្លាំងម្ខាងចូលពន្ធនាគារ ម្ខាងទៀតចូលពេទ្យ ។
ករណីទី២– ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស គឺព្រួតគ្នាយកដាវ និងកាំបិ.តប៉័ងតោកា.ប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ និងខូចខាតម៉ូតូចំនួន៦គ្រឿង ដែលប្រព្រឹត្តនៅចំណុចហាងកាហ្វេយីហោ «ជួបមិត្ត» ផ្លូវបេតុង ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ៧យប់ ។
ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឲ្យជនរងគ្រោះឈ្មោះ លាម ចាន់កេង ភេទប្រុស អាយុ១៨ឆ្នាំ
មានទីលំនៅផ្ទះលេខ ០៤៣ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសដាច់ស្បែកក្បាលខាងក្រោយផ្នែកខាងស្តាំ ដេរចំនួន៦ថ្នេរ ។ ចំណែកឈ្មោះ ហ៊ាង សែនមង្គល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ ៣៩៦ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាសិស្ស របួសដាច់រហែកត្រង់ច្រមុះផ្នែកខាងឆ្វេង ដេរចំនួន២៤ថ្នេរ ។ ចំពោះសម្ភារៈដែលខូចខាតមាន ម៉ូតូចំនួន៦គ្រឿង ដោយបែកកុងទ័រ អាវ និងដាច់កន្ទុយម៉ូតូ ៕