របបយោធានីហ្សេគ្រោងកាត់ទោសអតីតប្រធានាធិបតីដែលទម្លាក់ពីអំណាច ក្រោមបទចោទប្រកាន់ក្បត់ជាតិ

94
0 986

នីញ៉ាម៉េ៖ របបយោធាដែលបានដណ្តើមអំណាច នៅប្រទេសនីហ្សេនៃតំបន់អាហ្រ្វិកខាងលិច តាមរយៈរដ្ឋប្រហារកាលពីខែកក្កដានោះ បាននិយាយថា ខ្លួនគ្រោងនឹងកាត់ទោសអតីតប្រធានាធិបតីដែលត្រូវបានទម្លាក់ពីអំណាច គឺលោក ម៉ូហាម៉ាត់ បាហ៊្សូម (Mohamed Bazoum) ក្រោមបទចោទប្រកាន់ក្បត់ជាតិ ជុំវិញការទាក់ទងរបស់លោក ​ជាមួយក្រុមមេដឹកនាំបរទេស និងអង្គការអន្តរជាតិផ្សេងៗ។

លោក ​អាម៉ាឌូ អាប់ដ្រាមេន (Amadou Abdramane) ដែលជាអ្នកនាំពាក្យនៃរបបយោធានីហ្សេ បាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរយោធាបានប្រមែប្រមូលភស្តុតាងដែលចាំបាច់ ដើម្បីរៀបចំកាត់ទោសប្រធានាធិបតីដែលត្រូវបានទម្លាក់់ពីអំណាច ពីបទក្បត់ជាតិ និងពីបទបំផ្លាញសន្តិសុខផ្ទៃក្នុងនិងសន្តិសុខផ្នែកខាងក្រៅរបស់នីហ្សេ។

94 free

លោក Abdramane បានបន្តថា នាពេលនេះគឺកំពុងតែមាន​យុទ្ធនាការបំភ្លៃពត៌មានប្រឆាំងនឹងរបបយោធា ក្នុងបំណងព្យាយាមបំផ្លាញឱកាស នៃការស្វែងរកដំណោះស្រាយវិបត្តិតាមរយៈការចរចា ដើម្បីយកលេសធ្វើអន្តរាគមន៍យោធា។

ជុំវិញករណីនេះដែរ អង្គការចម្បងរបស់ក្រុមប្រទេសអាហ្រ្វិកខាងលិច គឺ​ ECOWAS នឹងព្យាយាមនៅថ្ងៃចន្ទ ដើម្បីជំរុញឱ្យមានកិច្ចសន្ទនាបន្ថែម ជាមួយរបបសឹកនីហ្សេ ដែលបានឱ្យសញ្ញាពីឆន្ទៈក្នុងការស្វែងរកដំណោះស្រាយការទូត សម្រាប់ការប្រឈមមុខគ្នា ជុំវិញរដ្ឋប្រហារកាលពី ថ្ងៃទី២៦ ខែកក្កដា។ ចំណែកក្រុមប្រឹក្សាសន្តិភាពនិងសន្តិសុខ របស់សហភាពអាហ្រ្វិក ដែលមាន៥៥ប្រទេសវិញ ក៏នឹងត្រូវជួបប្រជុំនៅក្នុង​ថ្ងៃចន្ទនេះផងដែរ ដើម្បីជជែកអំពីស្ថានការណ៍នៅនីហ្សេ។

សូមជម្រាបថាក្រុមមេដឹកនាំរដ្ឋប្រហារបានឃុំខ្លួនលោក Bazoum និងរំលាយរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់ ដែលសកម្មភាពនេះ បានទទួលរងនូវការចេញមុខរិះគន់ថ្កោលទោស ពីក្រុមមហាអំណាចពិភពលោក និងពីសំណាក់ក្រុមប្រទេសជិតខាងនៅតំបន់អាហ្រ្វិកខាងលិច ដែលបាន​​ដាក់កងកម្លាំងយោធាឱ្យប្រុងជើងការ ក្នុងករណីត្រូវចូលធ្វើអន្តរាគមន៍ ដើម្បីប្រគល់អំណាចឱ្យលោក Bazoum វិញ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...