សភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅសប្ដាហ៍ក្រោយ
បាងកក៖ ប្រធានរដ្ឋសភាថៃ លោក វ៉ាន់ មហាំម៉ាត់ នួរម៉ាថា (Wan Muhamad Noor Matha) បានប្រកាសថាសមាជិកសភាថៃនឹងបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មីនៅសប្ដាហ៍ក្រោយ ដើម្បីបិទបញ្ចប់ភាពជាប់គាំង។
ថ្លែងប្រាប់អ្នកសារព័ត៌មានដោយប្រកាសថាការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហា លោក វ៉ាន់ មហាំម៉ាត់ បានគូសបញ្ជាក់ដូច្នេះថា «ថាតើការជ្រើសរើសនាយករដ្ឋមន្ត្រីអាចសម្រេចបានជោគជ័យ ឬក៏យ៉ាងណា គឺអាស្រ័យលើសម័យប្រជុំនេះ»។
ការប្រកាសខាងលើរបស់លោក វ៉ាន់ មហាំម៉ាត់ ធ្វើឡើងក្នុងថ្ងៃតែមួយដែលតុលាការធម្មនុញ្ញនៃប្រទេសថៃ កាលពីថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចបដិសេធ ចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបាន រារាំងមិនឱ្យបេក្ខជនរបស់ខ្លួនអាចត្រូវឈរឈ្មោះសាជាថ្មីនានាយករដ្ឋមន្រ្តី។ ការសម្រេចខាងលើរបស់តុលាការធម្មនុញ្ញថៃនាពេលនេះ គឺជាការរំលាយ ទាំងស្រុងនូវក្តីសង្ឃឹមរបស់គណបក្ស Move Forward ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
គណបក្ស ភឿថៃ (Pheu Thai) ដែលជាបក្សជាប់ចំណាត់ថ្នាក់លេខទី២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា នឹងជាអ្នកដឹកនាំ កិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី ដោយជ្រើសតាំងបេក្ខជនរបស់ខ្លួន គឺមហាសេដ្ឋីអចលនទ្រព្យ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជានាយករដ្ឋមន្រ្តី៕