ថៃ​គ្រោង​កាត់​បន្ថយ​ពាក់កណ្តាល​ចំនួន​នាយទាហាន​ ថ្នាក់ឧត្តម​សេនីយ៍ ដើម្បី​សន្សំ​ថវិកាជាតិ

94
0 473

ថៃ ៖ កាលពី​ថ្មី​ៗ​នេះ ក្រុមប្រឹក្សា​ក្រសួងការពារជាតិ​របស់​ព្រះរាជ​ណា​ចក្រ​ថៃ បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ផែនការ​កំណែទម្រង់ ដែល​មាន​បំណង​កាត់​បន្ថយ​ពាក់កណ្តាល​នៃ​ចំនួន​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ក្នុង​កងកម្លាំងប្រដាប់អាវុ.ធ​ត្រឹម​ឆ្នាំ ២០២៧​។ នេះ​បើ​យោង​តាម​លោក​វរសេនីយ៍ឯក Jittanat Punnotok អ្នកនាំពាក្យ​រង​ក្រសួងការពារជាតិ​ប្រាប់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា កន្លង​ទៅ​។

បច្ចុប្បន្ន​ប្រទេស​ថៃ មាន​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ប្រមាណ ១.២០០​នាក់​ក្នុង​ជួរ​យោធា ខណៈ​ចន្លោះ​ឆ្នាំ ២០១៧ និង ២០២១ កងកម្លាំងប្រដាប់អាវុ.ធ​ថៃ ត្រូវ​បាន​កាត់​បន្ថយ​ចំនួន​យោធា​ជាង ៨.០០០​នាក់ ដោយ​ជួយ​សន្សំ​ថវិកាជាតិ​បាន​ប្រហែល ១,៥​ពាន់​លាន​បាត ដែល​ស្មើនឹង​ជាង ៤៣​លាន​ដុល្លារ​។

94 free

ប្រភព​ដដែល​បន្ត​ថា ជាមួយនឹង​ផែនការ​កំណែទម្រង់​នេះ បាន​ស្នើ​សុំ​កាត់​បន្ត​យ​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍ ៦០០​នាក់​នៅ​ឆ្នាំ ២០២៧ ហើយ​ការ​សន្សំ​សំចៃ​ថវិកាជាតិ​តាម​រយៈ​ការ​កាត់​បន្ថយ​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​ឈាន​ដល់ ២.៩​ពាន់​លាន​បាត ដែល​ស្មើនឹង​ប្រមាណ ៨៤​លាន​ដុល្លារ​។
នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ផង​ដែរ​នោះ បាន​សង្កត់ធ្ងន់​ថា កំណែទម្រង់​នេះ ត្រូវ​បាន​គ្រោង​ទុកជា​យូរយារ​ណាស់​មក​ហើយ ហើយ​មិន​មាន​ទំនាក់ទំនង​ជាមួយ​បំណង​របស់​រដ្ឋាភិបាល​ថ្មី​ណាមួយ ក្នុង​ការ​ស្វែងរក​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​នោះ​ទេ​។

ផែនការ​កំណែទម្រង់​នេះ ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​បញ្ឈប់​ការ​ពង្រឹង​កងពលធំ​ថ្មើរជើង​ទី​៧ នៅ​ភាគ​ខាងជើង ដែល​មាន​ន័យ​ថា នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្កើន​ចំនួន​យោធា​របស់​ខ្លួន​ទៀត​ទេ ខណៈ​ដែល​ទំនួល​ខុស​ត្រូវ​ចម្បង​របស់​កងពលធំ​ថ្មើរជើង​ទី​៧ រួម​មានការ​គាំទ្រ​ដល់​កងពលធំ​ថ្មើរជើង​ទី​៤ ក្នុង​ការ​ថែរក្សា​សន្តិសុខ​តាម​ព្រំដែន​ថៃ​-​មី​យ៉ា​ន់​ម៉ា​។ លើស​ពី​នេះ កងពល​ទ័ព​សេះ​ទី​៣ នៅ​ខេត្ត​ខុន​កែន (Khon Kaen) នឹង​ឃើញ​ចំនួន​កងទ័ព​របស់​ខ្លួន​ជាប់​គាំង​ក្រោម​ផែនការ​កំណែទម្រង់​នេះ​។

ការ​ផ្លាស់​ប្តូរ​ទាំងនេះ គឺជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​តាម​រយៈ​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ ការ​ផ្លាស់​ប្តូរ​ទំហំ និង​ការ​ធ្វើ​ទំនើប​កម្ម​។ ការ​ផ្លាស់​ប្តូរ​ដែល​ត្រូវ​បាន​អនុម័ត​ផ្សេង​ទៀត​ដោយ​ក្រុមប្រឹក្សា​រួម​មាន ផែនការ​កាត់​បន្ថយ​ចំនួន​សមាជិក​ប៉ា​រ៉ា​យោធា​នៅ​ក្នុង​តំបន់​ព្រំដែន​ភាគ​ខាងត្បូង​ចំនួន ១,៦៥៦​នាក់​។ ទាក់ទង​នឹង​ការ​ជ្រើសរើស​យោធា​ថ្មី​វិញ ចំនួន​នៃ​ការ​ជ្រើសរើស​ប្រចាំឆ្នាំ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ប្រហែល ៩​ម៉ឺន​នាក់ បើ​ធៀប​នឹង​ពី​មុន​មាន​ចំនួន ១០​ម៉ឺន​នាក់​។

 

លោក​វរសេនីយ៍ឯក Jittanat បាន​លើក​ឡើង​ថា យោធា​ប្រមាណ ៣៥,០០០​នាក់ បាន​ចុះ​ឈ្មោះ​ដោយ​ស្ម័គ្រ​ចិត្តជា​រៀង​រាល់​ឆ្នាំ ដែល​នេះ​បង្ហាញ​ថា កងកម្លាំងប្រដាប់អាវុធ​ទំនងជា​នឹង​ផ្លាស់​ប្តូរ​ដោយ​រលូន​ពី​ការ​ចុះ​ឈ្មោះ​ដោយ​បង្ខំ ទៅ​ជា​ការ​ចុះ​ឈ្មោះ​ដោយ​ស្ម័គ្រចិត្ត​៕ (​ដកស្រង់​ចេញពី The Thaiger)

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...