ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម នៅខែកញ្ញា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម នៅខែក្រោយនេះ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងកាន់តែជិតសិ្នទ្ធជាមួយទីក្រុងហាណូយ ទប់ទល់ជាមួយចិន។
សេតវិមាន បានឱ្យដឹងថាលោក បៃដិន នឹងត្រូវជួបពិភាក្សាការងារជាមួយអគ្គលេខាធិការគណបក្សកម្មុយនិស្ដវៀតណាម លោក ង្វៀង ហ្វូជុង (Nguyen Phu Trong) រួមមានមន្ត្រីកំពូលៗដទៃទៀតរបស់វៀតណាម ក្នុងទីក្រុងហាណូយ នៅថ្ងៃទី១០ ខែកញ្ញាក្រោយនេះ មុននឹងធ្វើដំណើរទៅកាន់រដ្ឋអាឡាស្កា ដើម្បី ចូលរួមក្នុងការប្រារព្ធខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាមេរិក។
លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ក្រោយចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា។ ប៉ុន្តែ លោក បៃដិន នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីឡើយ នៅដើមខែកញ្ញានោះទេ ដោយទុកឱ្យ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ចូលរួមជំនួសរូបលោក៕