ខេត្តសៀមរាប៖ រឿងប្រចណ្ឌ បុរសម្នាក់ជាប្តី ហ៊ានលើកដៃកាប់ប្រពន្ធ បណ្ដាលឱ្យរងរបួស
ខេត្តសៀមរាប៖ មានករណីបុរសម្នាក់ជាប្តី បានទៅសុំប្រពន្ធ (អនីតិសង្វាសជន) ត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រម កើតជាភ្លើងប្រច័ណ្ឌ កាប់ប្រពន្ធជាច្រើនកាំបិតប៉័ងតោ បណ្តាលឲ្យរបួស ហើយជនបង្កបានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង២៤ និង៣០នាទី ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនរងគ្រោះមានឈ្មោះ គង់ ដានី ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ចំណែកជនបង្កជាប្តីមានឈ្មោះ ស៊ុំ ឈង់ ភេទប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយប្រើអំពើហិង្សាកាប់ប្រហារទៅលើប្រពន្ធ នគរបាលខេត្តសៀមរាបទទួលពាក្យបណ្តឹងពីជនរងគ្រោះ និងស្តាប់ការបំភ្លឺសាក្សី កម្លាំងនគរបាលជំនាញ បានចុះធ្វើការស្រាវជ្រាវ ឈានដល់ ឃាត់ខ្លួនជនបង្ក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិតាងួន ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
តាមការស្តាប់ចម្លើយ ឈ្មោះ ស៊ុ ឈង់ ភេទប្រុស អាយុ ៤៤ឆ្នាំ បានឆ្លើយសារភាពថា នៅអំឡុងឆ្នាំ២០១៩ រូបខ្លួននិងជនរងគ្រោះឈ្មោះ គង់ ដានី ភេទស្រី អាយុ៤៨ឆ្នាំ បានរួមរស់ជាមួយគ្នា បែបអនីតិសង្វាសជន ហើយចាប់តាំងពីចុងឆ្នាំ២០២០ មកខ្លួនតែងតែមានទំនាស់ជាមួយជនរងគ្រោះ ជាបន្តបន្ទាប់ ដោយសារជនរងគ្រោះ មានទំនាក់ទំនងស្នេហា ជាមួយមនុស្សប្រុសផ្សេងទៀត។
ជនសង្ស័យថាក្រោយធ្វើសកម្មភាព ខ្លួនបានយកកាំបិតប៉័ងតោ ទៅបោះចោលនៅក្រោយផ្ទះជនងរងគ្រោះ ហើយបានបើកម៉ូតូគេចខ្លួនទៅផ្ទះម្តាយមីង នៅស្រុកជីក្រែង។
បច្ចុប្បន្ននគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។