ឆេះផ្ទះឈើមួយខ្នង ព្រមទាំងឆក់យកជីវិតស្ត្រីជនពិការម្នាក់ស្លាប់ក្នុងភ្នក់ភ្លើង

94
0 991

ភ្នំពេញ៖ស្ត្រីម្នាក់ជាជនពិការបានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង កាលពីវេលាម៉ោង ១៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ុ ថុន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់កង់បី មានទីលំនៅទីតាំងកើតហេតុ ។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ មើ ផលជាតិ ភេទស្រី ជាជនពិការ អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុរបរនៅផ្ទះ រស់នៅទីតាំងកើតហេតុខាងលើ ។

94 free

តាមការៀបរាប់របស់ម្ចាស់ផ្ទះបានអោយដឹងថា មុនពេលកើតហេតុពួកគាត់ និងក្រុមគ្រួសារបានចូលសំរានដូចសព្វដង ដោយពួកគាត់ខ្លះសម្រាកនៅខាងក្រោម ចំណែកស្ត្រីរងគ្រោះនៅខាងលើផ្ទះ ។ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែពួកគាត់ភ្ញាក់ពីដំណេកឃើញមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅអស់ផ្ទះជាងពាក់កណ្ដាលទៅហើយ ។ ពេលនោះពួកគាត់បានរត់ចេញយកតែរួចខ្លួនតែប៉ុណ្ណោះ ចំណែកស្ត្រីដែលជាជនពិការត្រូវជាប្អូន បានជាប់នៅខាងលើផ្ទះ ដោយសារតែភ្លើងឆេះសន្ធោសន្ធៅខ្លាំងពេក គឺបានត្រឹមតែស្រែកអោយគេឯងជួយ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីសុំជំនួយរថយន្ដបង្ការពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ ។

បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានបញ្ចេញរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២គ្រឿង និងរថយន្តក្រុមហ៊ុនចំនួន ១គ្រឿង ដោយត្រូវបានបាញ់រលត់ទៅវិញនៅវេលាម៉ោង ២៖៥៧នាទីរំលងអាធ្រាតថ្ងៃខែដដែល និងបានធ្វើការរុករកក៍ប្រទះឃើញសពស្ត្រីរងគ្រោះត្រូវភ្លើងឆាបឆេះ ខ្លោចអស់ទៅហើយ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានធ្វើការសន្និដ្ឋានថា ករណីនេះគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ទើបបង្កអោយមានអគ្គិភ័យឆាបឆេះបែបនេះ បណ្តាលឱ្យស្ត្រីជនពិការម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...