បុរសម្នាក់រត់ឡើងលើដំបូល ដោយសារខឹងប្រពន្ធក្រោយមិនឲ្យយកម៉ូតូទៅជួបប្រពន្ធមុន
ភ្នំពេញ៖ បុរសម្នាក់លួងសុំម៉ូតូពីប្រពន្ធក្រោយ ដើម្បីយកទៅជិះ ប៉ុន្តែត្រូវនាងបដិសេធ ក៏ង៉ក់ងរឡើងលើដំបូលផ្ទះ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាង និងសមត្ថកិច្ចចុះមកអន្តរាគមន៍ជួយចាប់បុរសខាងលើចុះមកក្រោមវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣៖១០នាទីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះជួល ក្បែរផ្សារតាសេក ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
បុរសខាងលើមានឈ្មោះ ផាត់ ផន អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធជាកម្មការនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ប្តីប្រពន្ធខាងលើ មិនបានរៀបការទេ ប៉ុន្តែបានសែនបង្គ្រប់កិច្ច ហើយបានរស់នៅជាមួយគ្នាបានរយៈពេល១ឆ្នាំមកហើយ។
យោងប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុតាំងពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ បុរសជាប្តីប្រពន្ធខាងលើឈ្លោះទាស់សម្តីគ្នាម្តងហើយរឿងយកម៉ូតូជិះ ភាគីខាងប្តីក៏រត់គេច ទៅរកខាងប្រពន្ធដើមបាត់ អស់១សប្តាហ៍ ទុកឲ្យប្រពន្ធទី២ស្នាក់នៅបន្ទប់ជួលតែម្នាក់ឯង លុះមកដល់ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣បុរសជាប្តីក៏ត្រឡប់វិលមកវិញ ដោយលួងលោមប្រពន្ធ ដើម្បីបានយកម៉ូតូជិះទៅផ្ទះប្រពន្ធដើម ក៏ប៉ុន្តែភាគីខាងប្រពន្ធ នៅតែមិនអនុញ្ញាតិឲ្យយកម៉ូតូជិះឡើយ លុះអស់ល្បិចប្រពន្ធលែងជឿ គ្រាន់តែហូបបាយថ្ងៃត្រង់ហើយ ប្តីប្រើប្រពន្ធឲ្យកោសខ្យល់ រួចរត់ឡើងទៅលើដំបូលផ្ទះជាន់ទី២ ដើរឆ្លេឆ្លាដូចបម្រុងលោត ទម្លាក់ខ្លួនផ្អើលអស់ប្រជាពលរដ្ឋលួងលោមឲ្យចុះមកក្រោម ប៉ុន្តែមិនព្រម រហូតដល់សមត្ថកិច្ចទ្រាំលែងបានឡើងទៅតាមចាប់ដាក់ចុះមកដីវិញ ។
ជុំវិញសកម្មភាពទាំងនេះ ត្រូវបានស្ត្រីជាប្រពន្ធអះអាងថា ប្តីរបស់ខ្លួនមិនចេះផឹកស៊ី បារី គ្រឿងញៀនអ្វីឡើយ ពោលមានតែស្រីប៉ុណ្ណោះ ។
ក្រោយចាប់បុរសខាងលើចុះមកក្រោមវិញ សមត្ថកិច្ចបានឃាត់ខ្លួនបុរសខាងលើយកទៅប៉ុស្តិ៍ដើម្បីសួរនាំ និងអប់រំបន្ថែម ទើបឲ្យត្រឡប់មកផ្ទះវិញ៕