ក្រុមអ្នកជួសជុលប្រាសាទបុរាណ បង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ

94
0 973

ខេត្តសៀមរាប៖ ក្រុមការងារជួសជុលមួយក្រុមនៅការដ្ឋានជ្រុងនិរតីនៃប្រាសាទបាយ័ន កំពុងមានសកម្មភាពមមាញឹករៀបចំថ្មដែលបានរើចេញដោយសារក្រៀកហែក និងរៀបចំទៅតាមកន្លែងដើមវិញម្តងមួយដុំៗយ៉ាងយកចិត្តទុកដាក់ និងអត់ធ្មត់បំផុត។

ពេលខ្លះក្រុមការងារនេះ ក៏ត្រូវរៀបផ្កុំថ្មជាច្រើនសារដើម្បីឱ្យត្រូវតាមលំនាំដើម និងមានភាពរឹងមាំ មិនមានការក្រៀកហែកជាថ្មី តាមរបៀបការជួសជុលប្រាសាទបុរាណ ដោយធ្វើទៅតាមក្បួនខ្នាត និងបច្ចេកទេសត្រឹមត្រូវ ដើម្បីរក្សាតម្លៃដើមរបស់ប្រាសាទនិងគោរពតាមធម្មនុញ្ញអង្គរផង។

លោក ឆម ប្រុញ ជាអ្នកភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា ដំបូងពីឆ្នាំ២០០២ធ្វើជាភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត ហើយបន្ទាប់មកបានផ្លាស់ប្តូរទៅជាអ្នកជួសជុលប្រាសាទវិញនោះ មានប្រសាសន៍ថា ការងារជួសជុលនៅជ្រុងនិរតីនៃប្រាសាទបាយ័ន មានទីធ្លាតូចចង្អៀត ដែលគ្រប់ពេលត្រូវតែប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ណាមួយ ដល់ក្រុមការងារ និងប៉ះពាល់ដល់ថ្ម។ លោកមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីការងាររើថ្មដែលក្រៀកហែក និងបុកបង្ហាប់គ្រឹះ រួចហើយត្រូវរៀបថ្មឡើងវិញ។ ក្នុងកិច្ចការងារនេះ លោកក៏ធ្វើការងាររៀបថ្មផង ហើយពេលណាខ្វះកម្លាំងលោកក៏ជួយអូសថ្មដែរ។

94 free

ការងារជួសជុលប្រាសាទបុរាណនេះ ក្រៅតែពីប្រើជំនាញនិងបច្ចេកទេស ការផ្តល់យោបល់រកដំណោះស្រាយពេលជួបបញ្ហានិងការស្តាប់យោបល់ទាំងអស់គ្នាក៏ជាវឌ្ឍនភាពការងាររលូនទៅមុខដែរ។

លោក ឆម ប្រុញ មិនធ្លាប់សង្ឃឹមថា រូបលោកអាចក្លាយទៅជាអ្នកធ្វើការងារជួសជុលប្រាសាទបានឡើយ។ ប៉ុន្តែនៅពេលរៀបថ្មធ្វើការផ្ទាល់ជាមួយប្រាសាទ បានធ្វើឱ្យរូបលោកមានជំនាញនិងចំណេះដឹងច្រើនបន្តពីស្នាដៃដូនតាព្រោះ ថ្មប្រាសាទបុរាណមានល្បាក់ មានក្បាច់និងមានគំរូដើមរួចហើយ ដោយគ្រាន់តែយកក្បួនលំអានបុរាណធ្វើជាគ្រូប៉ុណ្ណោះ។

លោក ភី ផាន ជាអ្នកភូមិស្រះស្រង់ខាងត្បូង ឃុំក្រវ៉ាន់ ស្រុកនគរធំ ជាអ្នកជួសជុលប្រាសាទបុរាណម្នាក់ទៀតនៅក្នុងរមណីយដ្ឋានអង្គរជាង២០ឆ្នាំហើយ។ លោកមានប្រសាសន៍ថា អ្វីដែលលំបាកសម្រាប់ក្រុមការងារជួសជុលថ្មភក់ គឺការរៀបចំផ្គុំថ្មមិនត្រូវតាមលំនាំដើម ដែលទាមទារពេលវេលា ការអត់ធ្មត់ និងការសាមគ្គីជាចាំបាច់។ ពេលខ្លះលោកក៏អន់ចិត្តនិងខ្លួនឯងដែលរៀបថ្មមិនត្រូវ។

បើទោះបីជាការងារជួសជុលប្រាសាទបុរាណ មានការលំបាកយ៉ាងណា ក៏កម្មករជំនាញ ដែលកំពុងរួមគ្នាធ្វើការងារជួសជុលប្រាសាទជាច្រើនមិនបានបង្ហាញអារម្មណ៍នឿយណាយទេ គឺពួកគាត់តែងយកមនសិការ បង្ហាញអារម្មណ៍រីករាយសប្បាយចិត្ត ដែលបានចូលរួមអភិរក្ស ជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ ពីព្រោះថារបស់ទាំងនោះមិនមែនជារបស់ក្រុមអ្នកជួសជុលតែម្នាក់ឯងនោះទេ។ ប៉ុន្តែជារបស់មនុស្សខ្មែរគ្រប់រូប ហើយពួកយើងអាចចូលរួមអភិរក្សបាន តាមរយៈរូបភាពផ្សេងៗគ្នា៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...