គណបក្សនយោបាយចំនួន២៩ ស្នើចូលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ភ្នំពេញ៖ ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បញ្ជាក់ថា គិតមកទល់ពេលនេះ មានគណបក្សនយោបាយចំនួន២៩ ស្នើចូលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ថា ដោយអនុវត្តយោងតាមព្រះរាជអនុញ្ញាតពីព្រះមហាក្សត្រ ចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបន្តដំណើរការទទួលនូវការស្នើសុំចូលរួមជាសមាជិកស្ថាបនិក និងសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលគិតមកដល់សប្តាហ៍ទី២នេះ មានគណបក្សនយោបាយចំនួន២៩ ខណៈក្នុងចំណោមនោះមានមួយចំនួនជាគណបក្សដែលបានចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាណត្តិទី១ និងមួយចំនួនដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។
ឯកឧត្តម បានបញ្ជាក់ជាថ្មីថា ភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងអាណត្តិទី២នេះ មិនត្រឹមតែរៀបចំប្រមូលនូវពហុគំនិតពីបណ្តាគណបក្សនយោបាយប៉ុណ្ណោះទេ ប៉ុន្តែមានគោលបំណងឲ្យស្ថាប័ននេះក្លាយជាចលនា ឬទស្សនៈទានទាំងឡាយជាផលប្រយោជន៍ដល់គ្រប់វិស័យ។
ឯកឧត្តម បន្តថា បន្ទាប់ពីលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលពាក្យស្នើសុំរបស់គណបក្សនយោបាយ នៅសប្តាហ៍បន្ទាប់នឹងបញ្ជូនទៅនាយកមន្រ្តី ដើម្បីពិនិត្យ និងសម្រេច មុនរៀបចំកិច្ចប្រជុំលើកដំបូង។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ បង្កើតឡើងឆ្នាំ២០១៨ ដែលពេលនោះផ្តួចផ្តើមគំនិតដោយសម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងចង់ប្រមូលផ្តុំធនធានមនុស្ស ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏ជាស្មារតីមួយក្នុងការបង្រួបបង្រួមជាតិផងដែរ ៕