សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព
ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា នរណាក៏ត្រូវការសន្តិភាពដែរ សូម្បីតែមេបក្សប្រឆាំង ក៏ត្រូវការដែរ ប៉ុន្តែពួកគេអាងខ្លួនតែនៅក្រៅប្រទេស តែងតែធ្វើញុះញង់ ដល់កូនចៅរបស់ខ្លួននៅក្នុងស្រុកឲ្យមានចលាចល និងធ្វើការបះបោរគ្រប់រូបភាព ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចលនារបស់ ពួកគេមិនបានសម្រេចជោគជ័យនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតមក ដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ សម្តេចបញ្ជាក់ថា « មិនត្រឹមអាចរកសន្តិភាព ធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេររួមគ្នារក្សាសុខសន្តិភាព ដែលជាផ្នែកដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់វឌ្ឍនភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។ សម្តេចប្រកាសមិនអត់ឱនឱ្យនរណា ឬក្រុមណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងដណ្តើមអំណាចតាមរយៈមិនឆ្លងកាត់តាមរយៈការបោះឆ្នោត ឬប្រជាធិបតេយ្យសេរី៕