ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ»
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ តាមរយៈលិខិតមួយ បានសម្រេចបដិសេធលើសំណើសុំបង្កើតគណបក្សមួយ ដែលមានឈ្មោះថា «គណបក្សអាយ៉ងខ្មែរ» ដែលមានលោក ឯម សុខសុវណ្ណ ជាតំណាងស្ថាបនិកគណបក្សនោះឡើយ។
តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា «ខ្ញុំសូមជម្រាបជូនលោកតំណាងស្ថាបនិកគណបក្ស ថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចបដិសេធសំណើសុំបង្កើត គណបក្សអាយ៉ងខ្មែរ ដែលសរសេរជាអក្សរកាត់ អ.យ.ខ»។
អភិសន្ដិបណ្ឌិតបន្ដថា ទន្ទឹមនេះដែរ តំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង ៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្ស នយោបាយនេះឡើយ៕