អាមេរិកប្រគល់វត្ថុបុរាណខ្មែរចំនួន៣៣ ដែលបានគេលួចទៅមកកម្ពុជាវិញ

94
0 14

ភ្នំពេញ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រគល់មកវិញនូវសម្បត្តិវប្បធម៌របស់កម្ពុជាដែលជាវត្ថុបុរាណខ្មែរចំនួន៣៣ មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (ហៅកាត់ថា “USAO-SDNY) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា “HSI”) បានឈានដល់កិច្ច ព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន៣៣ ដោយបានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។

ក្រសួងបានឱ្យដឹងទៀតថា វត្ថុបុរាណទាំងនោះរួមមាន បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជា ភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានី កោះកេរ។

94 free

យោងតាមសាក្សីបានឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជាប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរនិងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។ ក្នុងចំណោមវត្ថុដែល ប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថាជាបដិមា ព្រះធូស្ថឡុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែលមានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ភឿង សកុណា ឱ្យដឹងថា៖ «រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរដល់គ្រួសារ Lindemann ដែលបានទទួលស្គាល់ថា សម្បត្តិវប្បធម៌របស់ កម្ពុជាដែលខ្លួនកំពុងកាន់កាប់ គឺបានមកដោយមិនស្របច្បាប់ ហើយស្ម័គ្រចិត្តប្រគល់សម្បត្តិវប្បធម៌ទាំងនេះ ត្រឡប់មកកម្ពុជាវិញ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់»។

លោកស្រីគូសបញ្ជាក់ថា ការប្រគល់មកវិញនេះ គឺជាគំរូដ៏ល្អមួយដល់សារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជនផ្សេងទៀត ដែលកម្ពុជាធ្លាប់ជូនដំណឹង ដើម្បីបន្តប្រគល់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់កម្ពុជា។ លោកស្រីមានសេចក្តីរំភើបក្រៃលែង ដែលស្នាដៃដ៏ល្អឯកទាំងនេះត្រូវបានប្រគល់មកវិញ បន្ទាប់ពីកិច្ចសហការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងអស់រយៈពេលជាងបីឆ្នាំមក។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានបន្តសុពល ភាពកាលខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...