លើកលែងពន្ធអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣ ចំពោះក្រុងចំនួន៣
ភ្នំពេញ៖ រដ្ឋសម្រេចលើកលែងពន្ធអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យនៅក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត។
សេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ម្ចាស់អចលនទ្រព្យទាំងអស់ដែលស្ថិតក្នុងក្រុងដូចមានកំណត់ខាងលើត្រូវមានកាតព្វកិច្ចចុះ បញ្ជីអចលនទ្រព្យនៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យស្ថិតនៅ ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃ អគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣។
ក្នុងករណីអចលនទ្រព្យស្ថិតក្នុងក្រុងដូចមានកំណត់ក្នុងប្រការ១ នៃប្រកាសនេះ បានបង់ពន្ធលើអចលឲ្យទ្រព្យរួចហើយ ចំនួនប្រាក់ពន្ធដែលបានបង់រួចនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់។
ជាមួយគ្នានោះ ម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់រួច នៅសាខាពន្ធដារខេត្តដែលអចលន ទ្រព្យស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់៕