ក្រសួងសុខាភិបាល ប្រកាសឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីកើនឡើងនៃជំងឺគ្រុនឈាម
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមាការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីកើនឡើងនៅជំងឺគ្រុនឈាម សម្រាប់ឆ្នាំ២០២៣នេះ ដោយជំងឺគ្រុនឈាមនេះ មានវដ្ដនៃការកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្ដង។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថាទៀត ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយវីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់រងថ្លាគ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស៕