ចំណាត់ការ មន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី ហាក់គ្មានប្រសិទ្ធភាពសោះឡើយ ជុំវិញករណីជីកយករ៉ែខុសច្បាប់ដំណើរការដោយរលូន
ខេត្តរតនគិរី៖ ទីតាំងអណ្ដូងរ៉ែត្បូងមួយកន្លែង បើកអាជីវកម្មគ្មានច្បាប់ ជីកយ៉ាងអនាធិបតេយ្យ បង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសង្គម ដែលមានវត្តមាននៅក្នុងភូមិឡាម៉ិញ ឃុំឡាម៉ិញ ស្រុកបរកែវ ខេត្តរតនគិរី។
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ អ្នកយកព័ត៌មានយើង បានទៅដល់ទីតាំងជីកយករ៉ែត្បូង ឃើញថាមានសកម្មភាព ចុះជីកយករ៉ែត្បូងដោយខុសច្បាប់ ហើយកម្លាំងកម្មករប្រមាណជាង១០នាក់ កំពុងធ្វើសកម្មភាពនេះ។
បើតាមសម្តីកម្មករជីករ៉ែត្បូងម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ ការងារនេះ ជួនកាលជីកបានត្បូង យកទៅលក់បានលុយបន្ដិចបន្តូច ជួនកាលរកអត់បាន សូម្បីតែមួយរយរៀល ហើយនៅរដូវភ្លៀងធ្លាក់វិញ ដីងាយនិងបាក់ស្រុតសង្កត់ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្ដែដោយសារពុំមានមុខរបរផ្សេង ហើយមានគេមកបំផុសថា បើជីកបានត្បូង មានគេចាំទទួលទិញក្នុងតម្លៃសមរម្យណាមួយ តែបើជីកអត់បានត្បូងទេ ក៍មានថៅជាឈ្មួញ ជួយឲ្យប្រាក់ថ្លៃម្ហូប ចំនួន ១៥,០០០រៀលក្នុង១ថ្ងៃផងដែរ ទើបពួកគាត់នាំគ្នាជីកទាំងផ្សងព្រេងនិងគ្រោះថ្នាក់បែបនេះ។
លោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី បានប្រាប់មកអង្គភាពសារព័ត៌មានយើងឲ្យដឹងថា៖ ករណីខាងលើនេះ លោកបានដឹង និងបានធ្វើការចុះបង្រ្គាបថ្មីៗនេះផងដែរ។
សូមរំលឹកថាកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី រូបនេះ បានចាត់កម្លាំងចុះទៅបង្រ្គាប ដោយបានរឹបអូសយកសម្ភារ: ឧបករណ៍ជីករ៉ែយកទៅដុតកំទេចចោល និងបានកោះហៅម្ចាស់ទីតាំងឲ្យមកមន្ទីរដើម្បីអប់រំណែនាំរួចហើយដែរ។
ក្រោយការចុះបង្រ្គាបមួយថ្ងៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សកម្មភាពការជីកយករ៉ែត្បូងដោយខុសច្បាប់នៅទីតាំងខាងលើ នៅតែបន្តមានដដែល ហាក់បីដូចការអប់រំមិនមានប្រសិទ្ធភាពសោះឡើយ ណែនាំខាងធ្វេង ចេញខាងស្តាំ ព្រោះថាឈ្មួញទិញត្បូង នៅក្នុងតំបន់នោះ ពួកគេមិនញញើតច្បាប់ និងចំណាត់ការដ៍ខ្សោយរបស់មន្ទីររ៉ែនិងថាមពលសោះឡើយ។
សូមបញ្ជាក់ថា៖ នៅមាត្រា ៣៥ នៃច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ បុគ្គលដែលធ្វើប្រតិបត្តិការជីកយករ៉ែ ដោយគ្មានអាជ្ញាប័ណ្ណធនធានរ៉ែ ត្រូវផ្តន្ទាទោសជាទឹកប្រាក់ប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃចន្លោះ ១,០០០,០០០រៀល ទៅ ១០,០០០,០០០រៀល និងផ្តទ្ទាទោសដាក់ពន្ធធានាគារចន្លោះពី ១ឆ្នាំ ទៅ ៥ឆ្នាំ។
ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋនៅខេត្តរតនគិរី សូមសំណូមពរទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មេត្តាចាត់មន្ដ្រីជំនាញដែលច្បាស់លាស់ ឲ្យចុះទៅពិនិត្យដល់ទីតាំង ដើម្បីទប់ស្កាត់ និងរកឲ្យឃើញជនខិលខូចមួយចំនួនតូច ដែលគេសង្ស័យថាបានត្រូវដងត្រូវផ្លែ ជាមួយអាជ្ញាធរនៅមូលដ្ឋាន ជាពិសេស មន្ត្រីរ៉ែ ដើម្បីវែកមុខយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ទើបការពារសម្បត្ដិធនធានធម្មជាតិ ឲ្យបាននៅគង់វង្សយូរអង្វែង៕