បាក់ច្រាំងធ្លាក់ផ្ទះប្រជាពលរដ្ឋ ០៧ខ្នងចូលទន្លេ នៅខណ្ឌជ្រោយចង្វារ
យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន ០៧ខ្នង ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប បានបាក់ ស្រុតធ្លាក់ចូលទៅទន្លេ នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ ។
សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា ករណីបាក់ច្រាំងបាក់ស្រុតចូលទន្លេប្រវែងប្រមាណ ១០០ម៉ែត្រ និងទទឹង ២០ម៉ែត្រ ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាល ឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ០៧គ្រួសារ បាក់ស្រុតចូលក្នុងទឹកទន្លេ តែមិន ប៉ះពាល់រងគ្រោះ ដល់ អាយុ ជីវិតប្រជាពលរដ្ឋឡើយ ។
លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែកញ្ញា នេះថា បច្ចុប្បន្នផ្ទះប្រជាពលរដ្ឋប្រមាណ ០៧ខ្នង រងផលប៉ះពាល់ ខណៈរដ្ឋបាលរាជធានីភ្នំពេញ កំពុងចុះត្រួតពិនិត្យរកដំណោះស្រាយ ។
ដោយឡែក នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក៏មានករណីបាក់ច្រាំងធ្លាក់ផ្ទះពលរដ្ឋ ០១ខ្នង ចូលទន្លេសាបផងដែរ ៕