ក្លិបអ្នកកាសែតកម្ពុជាប្រកាសរកអ្នកថតរូបជើងឯកឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយជួយទេសចរណ៍ខ្មែរ
ភ្នំពេញ៖ ជាលើកទី១ហើយដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បង្កើតកម្មវិធីប្រកួតប្រជែងរកជើងឯកផ្នែកថតរូបស្តីពី “សម្រស់សហគមន៍យើង” នៅក្នុងយុគសម័យឌីជីថល ដែលផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់នៅកម្ពុជាបញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់រហូតដល់ ៣ លានរៀល សម្រាប់ជ័យលាភីលេខ១ និងពានជើងឯក។
ក្រោមគំនិតផ្តួចផ្តើមរបស់ក្លិបអ្នកកាសែតកម្ពុជា និងដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន CP ALL (Cambodia) Co, Ltd. និងពីស្ថាប័នរដ្ឋចំនួនបីក្នុងអណត្តិរាជរដ្ឋាភិបាលថ្មីឆ្នាំ ២០២៣៖ ក្រសួងទេសចរណ៍, ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់, និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក.អ.ក បានប្រកាសរៀបចំការប្រកួតរូបថតក្រោមប្រធានបទ “សម្រស់សហគមន៍យើង” ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានល្អ តាមរយៈការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសអំពីសម្រស់ធម្មជាតិរបស់កម្ពុជា។
តាមលក្ខខណ្ឌនៃការចូលរួមប្រកួត រូបថតដែលយកមកប្រកួតជាស្នាដៃផ្ទាល់របស់បេក្ខជនដោយមិនកែច្នៃ ឬរៀបចំឈុតឆាកថតហើយជារូបភាពដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬក៏បង្ហាញពីបរិស្ថានស្អាតរួមទាំងតំបន់អភិវឌ្ឍជាដើម។
ចំពោះរង្វាន់វិញ នឹងផ្តល់ជូនជ័យលាភីពីលេខ១ ដល់លេខ៥ ជាថវិការផង និងជាពានផង។ អ្នកដែលមិនជាប់ជ័យលាភីក៏នឹងទទួលបានការលើកទឹកចិត្តផងដែរ។ រូបថតដែលផ្ញើរមកគណកម្មការកំណែ នឹងត្រូវដាក់តាំងនៅឯពិធីប្រគល់រង្វាន់ បន្ទាប់មកនឹងយកទៅផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេសដើម្បីបង្ហាញរូបភាពដ៏អស្ចារ្យនិងល្អៗពីកម្ពុជា ជាពិសេសសម្រាប់វិស័យទេសចរណ៍តែម្តង។
ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកថតរូបមេត្តារួសរាន់ផ្ញើររូបថតដើម្បីដាក់ចូលប្រកួតយកពាន់រង្វាន់និងស្នាដៃឯកសម្រាប់ឆ្នា២០២៣នេះ។ ក.អ.ក ក៏សូមស្វាគមដល់ស្ថាប័នរដ្ឋ និងឯកជនដែលមានបំណងចូលរួមតាមទម្រង់ផ្សេងៗដើម្បីធ្វើឱ្យការប្រកួតប្រជែងរកជើងឯកផ្នែកថតរូបនេះកាន់តែធំ និងទូលំទូលាយសម្រាប់ជាតិយើង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទនិងតេទ្បេក្រាមលេខ៖០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១ ៕