៨ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូល ២៧៣លានដុល្លារពីការនាំចេញកៅស៊ូ
ភ្នំពេញ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៅរយៈពេល៨ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជាទទួលបានចំណូលជាង ២៧៣លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។
តាមរបាយការណ៍បានឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែសីហា ឆ្នាំ២០២៣ មានចំនួន ២៧២ ១៨១ ៤៩៤ដុល្លារ ដោយបាននាំចេញជ័រកៅស៊ូសរុបចំនួន ២០៥ ១៦៧តោន បានកើនឡើង ចំនួន៦ ៣៥៤តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកការនាំចេញឈើកៅស៊ូ ទទួលបានថវិកាចំនួន១ ១៧៦ ៦១២ដុល្លារ ពីការនាំចេញឈើកៅស៊ូសម្រេចបានចំនួន៧ ៤៥២ម៉ែត្រគូប»។
អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងផងដែថា តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែសីហា ឆ្នាំ២០២៣ មានតម្លៃ ១ ២៧៧ដុល្លារក្នុងមួយតោន បានថយចុះចំនួន ២៧ដុល្លារ ក្នុងមួយតោន ស្មើនឹង២.០៣% ធៀបនឹងខែមុន និងបានថយចុះចំនួន១៥៣ដុល្លារក្នុងមួយតោន ស្មើនឹង១១%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯតម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមគិតត្រឹមខែសីហា ឆ្នាំ២០២៣ ថ្លៃ១ ៣២៧ដុល្លារក្នុងមួយតោន បានថយចុះ ចំនួន២៣០ដុល្លារក្នុងមួយតោន ស្មើនឹង១៥%បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ដោយឡែកតម្លៃលក់ឈើកៅស៊ូ គិតជាមធ្យមក្នុងខែសីហាឆ្នាំ២០២៣ មានតម្លៃ១៦៧ដុល្លារក្នុងមួយម៉ែត្រគូប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួនជាង ៣១ម៉ឺនហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ជិត៩ម៉ឺនហិកតា ស្មើនឹង២២%។
ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕