មន្ទីរសាធារណការខេត្តបាត់ដំបង នឹងជួសជុលផ្លូវមួយខ្សែក្នុងស្រុកឯកភ្នំ បន្ទាប់ពីអ្នកគ្រូម្នាក់បង្ហោះសារអំពីផ្លូវពិបាកធ្វើដំណើរ ជាពិសេសពេលភ្លៀងធ្លាក់
យោងតាមគណនី Facebook មានឈ្មោះថា ឈិន គឹមឡា បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា៖ ចង់ឱ្យមេភូមិ មេឃុំ…….ជិះម៉ូតូមកបង្រៀនជាមួយ ខ្ញុំម្ដង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាជនរអ៊ូជាង១០ឆ្នាំហើយ ហ៊ឹម!!! ស្រុកខ្ញុំពេលជិះម្តងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះ លួចយំ…តិចៗដែរ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់! ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ដោយមើលឃើញបែបនេះហើយខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានស្រាយបំភ្លឺថា៖ យោងតាមការព្យាករអាកាសធាតុ មានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជាដែលធ្វើឱ្យមានភ្លៀងធ្លាក់ជោកជាំស្ទើរពេញផ្ទៃប្រទេស ក្នុងនោះខេត្តបាត់ដំបងក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែរ ដែលធ្វើឱ្យក្រុមការងារពិបាក ក្នុងការជួសជុលអំឡុងពេលនេះ ។
ក្រុមការងារមន្ទីរនឹងចុះទៅធ្វើការជួសជុល ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអាកាសធាតុអំណោយផលធម្មតាវិញ។ ដូច្នេះហើយខាងមន្ទីរក៏ សូមឲ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និង មានការយោគយល់ដល់ក្រុមការងារផងចុះ៕