ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺ ក្នុងករណីភ្លេចយកបណ្ណបើកបរតាមខ្លួន អាចឱ្យអ្នកផ្ទះថតផ្ញើបាន
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺជូនដល់ប្រជាពលរដ្ឋដែលបានសួរពាក់ព័ន្ធការបើកបរយានយន្តភ្លេចយកឯកសារភ្ជាប់មកតាមខ្លួន បន្ទាប់ពីមានការលើកឡើងតាមរយៈខមិនលើគណនីហ្វេសប៊ុកឈ្មោះ Hong Sivmey លើកឡើងជាសំណួរថា៖ «ជំរាបសួរ ខ្ញុំមានចម្ងល់មួយករណី ភ្លេចយកបណ្ណបើកបរតាមខ្លួន តែឆាតសុំឱ្យអ្នកផ្ទះថតផ្ញើ តើត្រូវផាកពិន័យដែរ ឬទេ?»។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋ ដែលនេះជាខ្លឹមសាររបស់មន្រ្តីជំនាញ បានបកស្រាយដូចខាងក្រោម៖
ទី១. ស្នើអោយអ្នកបើកបរថតអោយបានច្បាស់។
ទី២. សមត្ថកិច្ចត្រូវពិនិត្យផ្ទៀងផ្ទាត់ តាមរយៈ QR Code ឬ លេខកូដបណ្ណ។
សមត្ថកិច្ចមិនត្រូវពិន័យទេ ករណីពិនិត្យផ្ទៀងផ្ទាត់ឃើញថាបណ្ណនោះត្រឹមត្រូវពិតប្រាកដ ស្របតាមប្រភេទយានយន្ត និងនៅមានសុពលភាព។
ប៉ុន្តែ បើមិនត្រឹមត្រូវទេ អ្នកបើកបរត្រូវទទួលរងការពិន័យតាមអនុក្រឹត្យ៕