អាជ្ញាធរមីនណែនាំពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះសំណល់ជាតិផ្ទុះក្នុងនិងក្រោយពេលទឹកជំនន់ស្រក

94
0 5

ភ្នំពេញ៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ នៃអាជ្ញាធរមីន បានណែនាំឱ្យប្រតិបត្តិករបោសសម្អាតមីនផ្សព្វផ្សាយអប់រំដល់ពលរដ្ឋដែលរស់នៅតំបន់ទឹកជំនន់ប្រុងប្រយ័ត្នចំពោះមីន និងសំណល់ជាតិផ្ទុះដែលអាចនឹងប្រទះឃើញដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកពីតំបន់មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រោម ក្នុងអំឡុងពេលជន់លិច និងស្រកទៅវិញ។

ទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យ ប្រតិបត្តិករបោសសម្អាតមីន គណៈកម្មាធិការសកម្មភាពមីនខេត្តរាជធានីដល់ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមផ្សព្វផ្សាយអប់រំដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចមកជាមួយទឹកជំនន់ ដោយសារការហូរច្រោះដីរសាត់មកពីតំបន់ដែលមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តមប្រាប់ឱ្យពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅក្បែរនោះជាបន្ទាន់ នៅពេលប្រទះឃើញមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ទន្ទឹមនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីណែនាំឱ្យប្រតិបត្តិករបោសសម្អាតមីន ឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការប្រមូលយកទៅកម្ទេចចោលនូវមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋបានរាយការណ៍។

94 free

ជាមួយគ្នានេះត្រូវដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់នៅតាមតំបន់សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬឆ្លងកាត់។

ជាពិសេសរៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំស្ដីពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលទឹកជំនន់សម្រាប់ផ្តល់ជូន ភ្នាក់ងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បណ្តាញមីន ស្ម័គ្រចិត្ត សហគមន៍ លោកគ្រូ អ្នកគ្រូ ដើម្បីជាមធ្យោបាយសម្រាប់អប់រំដល់ប្រជាពលរដ្ឋ ក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...