មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សម្រេចផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៦៤
ភ្នំពេញ៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា៖ ដោយយោងលើស្ថានភាពទឹកភ្លៀង ក្នុងវដូវវស្សាឆ្នាំ២០២៣នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែល ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់-ស្ពាន។
ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងដែលបាន និងកំពុងជន់ឡើង ជាហេតុបណ្ដាលឱ្យ លិចលង់នៅតាមកំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់- ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។
ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការ ផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក- អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី), ផ្លូវខេត្តលេខ២៦៦ (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មាន សេចក្តីជូនដំណឹងសារជាថ្មី។