៩ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជិត៦ពាន់ករណី ឃាត់ខ្លួនមនុស្ស ១៤,៧២២នាក់ ដកហូតបានថ្នាំញៀនជិត៣តោន
ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច (នគរបាល និងអាវុធហត្ថ) ទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៥,៩៦២ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ១៤,៧២២នាក់។ នេះបើយោងរបាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បង្ក្រាបសរុប ៥,៩៦២ករណី ឃាត់ខ្លួន ១៤,៧២២នាក់ (ស្រី៩៥៦នាក់, ជនបរទេស៣៣១នាក់ ស្រី២៦នាក់ មាន១៤សញ្ជាតិ) ក្នុងនោះ៖
១៖ ករណីជួញដូរគ្រឿងញៀនចំនួន ៧៤៤ករណី ឃាត់ខ្លួន ១,៦៣៤នាក់ (ស្រី១៨០នាក់)។
២៖ ករណីប្រើប្រាស់គ្រឿងញៀន ចំនួន២,១២៧ករណី ឃាត់ខ្លួន ៧,២៦២នាក់ (ស្រី៣៥៧នាក់)។
៣៖ ករណីផលិត កែច្នៃ ចំនួន១០ករណី ឃាត់ខ្លួន ២៨នាក់ (ស្រី៥នាក់)។
៤៖ ករណីបើកបរក្រោមឥទ្ធិពល ចំនួន៤ករណី ឃាត់ខ្លួន១៨នាក់។
៥៖ ករណីចាត់ចែង សម្រួល ចំនួន២៧ករណី ឃាត់ខ្លួន៦៩នាក់ (ស្រី៧នាក់) និងដាំដុះ១២ករណី ឃាត់ខ្លួន១០នាក់។
ការបង្រ្កាបរយៈពេល៩ខែមកនេះ សមត្ថកិច្ចបានដកហូតសារធាតុញៀន គ្រប់ប្រភេទជាង ២តោន ៦៨៦គីឡូក្រាម និងកញ្ឆា ២៣,៥៦៨ដើម, កញ្ឆាស្ងួតជាង ៣៨គីឡូក្រាម និងសារធាតុគីមីជាង ៩១០គីឡូក្រាម។ សម្ភារដែលត្រូវបានឃាត់រួមមាន៖ រថយន្ដ ១២៩គ្រឿង, ម៉ូតូ ១,៣៨៥គ្រឿង, ទូរស័ព្ទចំនួន ៤,២៥៩គ្រឿង, ជញ្ជីងចំនួន ៣១១គ្រឿង, អាវុធខ្លីចំនួន៣១ដើម និងអាវុធវែងចំនួន៣៦ដើម (កែច្នៃ៣៣ដើម)៕