អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) បើកដំណើរការទទួលជើងហោះហើរដំបូងនៅថ្ងៃនេះ
ខេត្តសៀមរាប៖ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ត្រូវបើកដំណើរការទទួលជើងហោះហើរលើកដំបូង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលបានបញ្ជាក់ថា តាមការគ្រោងទុកបើគ្មានអ្វីប្រែប្រួលទេ ពិធីសម្ពោធជាផ្លូវការ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក។
ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក៖ ១៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%, ២៖ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង ៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%។
អាកាសយានដ្ឋានថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)»៕