ដំរីសំបូរ បានលាចាកលោកហើយក្នុងអាយុ៦៣ឆ្នាំ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ «ដំរីសំបូរ» ដែលគេស្គាល់ថាដំរីវត្តភ្នំដ៏ល្បីល្បាញ បានលាចាកលោកហើយ នៅថ្ងៃទី១៩ ខែតុលា ក្នុងអាយុ៦៣ឆ្នាំ នៅខេត្តមណ្ឌលគិរី ពោលគឺក្នុងពេលចូលនិវត្តន៍បាន៩ឆ្នាំពីការបម្រើសេវាកម្មទេសចរណ៍។
បើតាមការបញ្ជាក់របស់គម្រោងជ្រលងសត្វដំរី Elephant Valley Project (EVP) ដំរីសំបូរ បានស្លាប់ដោយសារតែជំងឺធ្មេញ។ មុនពេលស្លាប់ ជំងឺធ្មេញនោះបានធ្វើឱ្យសុខភាពរបស់សំបូរចុះទ្រុឌទ្រោមយ៉ាងខ្លាំងនារយៈពេល១ខែចុងក្រោយនេះ។
នៅព្រឹកថ្ងៃទី២០ តុលានេះ អង្គការ ELIE ក្រោមគម្រោង Elephant Valley Project កំពុងរៀបចំបញ្ចុះសពដំរីសំបូរ ដោយពិធីបុណ្យគឺធ្វើតាមបែបខ្មែរផង និងជនជាតិដើមភាគព្នងផង ដើម្បីឧទ្ទិសកុសល្យជូនសំបូរ ។
សូមរម្លឹកថា សំបូរជាសត្វដំរីបម្រើលើវិស័យទេសចរណ៍នៅភ្នំពេញ ក្រោយពេលចូលនិវត្តន៍សំបូរត្រូវបានយកមករស់នៅខេត្តមណ្ឌលគិរី នៅជ្រលងភ្នំសត្វដំរី ជួបជុំជាមួយសត្វដំរីញីឈ្មោលផ្សេងទៀតជាង១០ក្បាល រយៈពេលជិត៩ឆ្នាំ រហូតសំបូរចាស់ឈឺងាប់នៅអាយុ៦៣ឆ្នាំ៕