អង្ករក្រអូបរបស់កម្ពុជា ឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១
ភ្នំពេញ៖ អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ( 1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលានេះ។
កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន (Guangxi Zhung Autonomous Region Seed Management Station ad Rice Research Institute of Guangxi Academy of Agricultural Science) នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
ជាលទ្ធផលពីកិច្ចការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន ៦១ ដែលក្នុងនោះចំនួន ១២ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៥ប្រទេស និងចំនួន ៤៩ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវនៅប្រទេសចិន៕