កម្ពុជារកចំណូលបានជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ រយៈពេល១០ខែឆ្នាំនេះ
ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ឲ្យដឹងថារយៈពេល ១០ខែពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧,៨៨២,៤៣៥ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួនសរុប ៦០២,៥៧០នាក់។
គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន២,៩២៧,០៣៨ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៦៣,០០៩នាក់។
សូមជម្រាបថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១,២០៥,១៤០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរខាងក្រោម៖