NATO ធ្វើសមយុទ្ធយោធាផ្លូវអាកាស ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន
បែរឡាំង៖ អង្គការ NATO នៅថ្ងៃចន្ទនេះ នឹងចាប់ផ្តើមការធ្វើសមយុទ្ធកងទ័ពអាកាស ក្នុងទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុប ដែលមិនធ្លាប់មានពីមុនមក ដើម្បីជាសញ្ញាមួយបង្ហាញពីការរួមសាមគ្គីភាព និងអានុភាពរបស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។
សមយុទ្ធយោធា Air Defender 23 ដែលដឹកនាំដោយអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៣ ខែមិថុនា ហើយមានការចូលរួមពីយន្តហោះយោធាចម្រុះប្រភេទ សរុបប្រហែល២៥០គ្រឿង មកពីប្រទេសជាសមាជិកនិងប្រទេសជាដៃគូរបស់ NATO រួមមានទាំងជប៉ុននិងស៊ុយអែត សរុបចំនួន២៥ប្រទេស។
មនុស្សសរុប១០,០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលមានគោលដៅពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា ព្រមទាំងការត្រៀមលក្ខណៈ ដើម្បីការពារខ្លួនប្រឆាំងយន្តហោះដ្រូននិងមីស៉ីលគ្រូស ក្នុងករណីមានការវាយប្រហារលើទីក្រុង អាកាសយានដ្ឋាន ឬកំពង់ផែ នៅក្នុងទឹកដីរបស់ NATO។
សមយុទ្ធ Air Defender ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃចំណាត់ការឆ្លើយតបរបស់ NATO ចំពោះការដែលរុស្ស៉ីក្រសោបយកឧបទ្វីបគ្រីមៀពីអ៊ុយក្រែន កាលពី៤ឆ្នាំមុននោះ។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កឱ្យបក្សសម្ព័ន្ធយោធាមួយនេះ កើនឡើងក្តីព្រួយបារម្ភជាខ្លាំង ខណៈ NATO បានចាប់កំណើតដំបូងកាលពីឆ្នាំជិត៧៥ឆ្នាំមុន ដើម្បីប្រឈមមុខជាមួយសហភាពសូវៀត៕