ប្រជាពលរដ្ឋជាច្រើនអ្នក ផ្ទុះការតវ៉ាបិទផ្លូវ ឃាត់រថយន្តដឹកដី ដែលបង្កឱ្យធូលីហុយចូលផ្ទះអ្នកភូមិ ក្នុងស្រុកកំពង់រោទិ៍
(ស្វាយរៀង) ៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម បានផ្ទុះការតវ៉ាបិទផ្លូវ និងឃាត់រថយន្តក្រុមអាជីវកម្មដឹកអាចម៍ដីលក់ ដោយចោទថា ក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា បង្កឱ្យធូលីដីហុយចូលផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ។
ករណីបិទផ្លូវនេះ កើតឡើងនៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ការបិទផ្លូវនេះ ប្រជាពលរដ្ឋបានលើកឡើងថា បិទផ្លូវ ដើម្បីសំណូមពរសុំការអន្តរាគមន៍ ពីលោកមេភូមិព្រៃចំណារ លោកមេភូមិឫស្សីអម និងលោកមេឃុំខ្សែត្រ ចុះមកដោះស្រាយ ឱ្យក្រុមអាជីវករដឹកដីស្រោចទឹកជាប្រចាំទើបអនុញ្ញាត ឱ្យក្រុមអាជីវកម្មទាំងនោះ បើកបរដឹកដីជាធម្មតាឡើងវិញ ។
បើតាមអាជ្ញាធរឃុំខ្សែត្រ បានឱ្យដឹងថា ក្រុមហ៊ុនអាជីវកម្មដឹកដីជាច្រើន បានមកប្រកបអាជីវកម្មជីករណ្ដៅដី យកអាចម៍ដីលក់ ហើយបានដឹកដី ទៅចាក់ឱ្យក្រុមហ៊ុន នៅតំបន់អភិវឌ្ឍន៍មួយកន្លែង ស្ថិតនៅភូមិព្រៃចំណារ និងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
អាជ្ញាធរ បន្ថែមថា ក្រុមហ៊ុនបានសុំច្បាប់ធ្វើអាជីវកម្មពី រដ្ឋបាលឃុំខ្សែត្រ រួចហើយ ក៏ប៉ុន្តែបានអនុវត្តផ្ទុយពីកិច្ចសន្យា ដែលបានចុះក្នុងឯកសារនៃកិច្ចសន្យា ។ ប្រជាពលរដ្ឋបានបិទផ្លូវ រួចសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ លោកមេភូមិព្រៃចំណារ លោកមេឃុំខ្សែត្រ មេត្តាមានវិធានការចំពោះក្រុមហ៊ុន ដែលមិនគោរពកិច្ចសន្យាទាំងនេះ ។
ប្រភពបន្តថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយអមផ្លូវ តវ៉ាបិទផ្លូវចរាចរណ៍មិនឱ្យក្រុមហ៊ុនអាជីវកម្មដឹកដី ធ្វើចរាចរណ៍ ដោយឱ្យអាជ្ញាធរកោះហៅតំណាងក្រុមហ៊ុនឈ្មោះ ស៊ាង គារុន ដែលមានអាសយដ្ឋានបច្ចុប្បន្ននៅភូមិប្រមូលដុំ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បានចូលមកដោះស្រាយ ។
ដោយឈ្មោះ ស៊ាង គារុន បានសុំច្បាប់ធ្វើអាជីវកម្ម ចរាចរណ៍ដឹកដីតាមផ្លូវលំ ភូមិព្រៃចំណារ ភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ដោយបានសុំលិខិតអនុញ្ញាតពីរដ្ឋបាលឃុំខ្សែត្រ រួចរាល់ហើយ ក៏ប៉ុន្តែក្រុមហ៊ុនពុំបានគោរពតាមកិច្ចសន្យា ដោយមិនស្រោចទឹក ជូនប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានតាមដងផ្លូវ ភូមិព្រៃចំណារ ធ្វើឱ្យធូលីដីហុយចូលផ្ទះរបស់ប្រជាពលរដ្ឋ ។
ក្រោយមក លោកមេភូមិព្រៃចំណារ ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុនេះ លោកមេភូមិ បានសុំឱ្យប្រជាពលរដ្ឋដកបារ៉ាសចេញ ដើម្បីឱ្យក្រុមរថយន្តដឹកដីទាំងនោះ ធ្វើចរាចរណ៍ ។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋមិនអនុញ្ញាតឱ្យដកជាដាច់ខាត ទាល់តែមានរថយន្តមកស្រោចទឹកទើបពួកគាត់អនុញ្ញាត ឱ្យដកប៉ារាស់ចេញ ដោយរយៈពេលជាង ជិត ១៥ នាទីមក រថយន្តឡានដឹកទឹកក៏បានមកដល់ទីតាំងកន្លែងកើតហេតុនេះភ្លាម រួចមកប្រជាពលរដ្ឋក៏បានដកបារ៉ាស អនុញ្ញាតឱ្យក្រុមហ៊ុនដឹកដីទៅនោះ ធ្វើចរាចរណ៍ជាធម្មតា ។
ប្រជាពលរដ្ឋ បានប្រាប់ដឹងថា ការបិទផ្លូវធ្វើដំណើរនេះ ដើម្បីតវ៉ាសុំឱ្យអាជ្ញាធរ ដាក់កំហិតទៅលើក្រុមហ៊ុនធ្វើអាជីវកម្មដឹកអាចម៍ដីទាំងនោះ គោរព និងអនុវត្តទៅតាមកិច្ចសន្យា ដែលសុំច្បាប់ធ្វើអាជីវកម្មពីមន្ត្រីអាជ្ញាធររដ្ឋបាលឃុំខ្សែត្រ ស្រោចទឹកជាប្រចាំ ។
លោក អ៊ុ សាផន មេឃុំខ្សែត្រ បានមានប្រសាសន៍ថា លោក មិនអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះ ធ្វើចរាចរណ៍ដឹកដីបន្តទៀតទេ ប្រសិនបើក្រុមហ៊ុនដឹកដីនេះ មិនគោរព និងអនុវត្តតាមកិច្ចសន្យារបស់រដ្ឋបាលឃុំ ៕